នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំព្រមទាំងលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ បានចូលរួមបំពេញទស្សនៈកិច្ចសិក្សានៅខេត្តកោះកុង ដែលដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញ ជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំ ឃិតវៀន អភិបាលរងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្ត ភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។