នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការប្រមូលទិន្នន័យ ស្ដីពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៃសាលារៀនគោលដៅក្នុងរាជធានី ខេត្ត ក្នុងក្របខ័ណ្ឌនៃការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាអប់រំនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តគោលដៅទាំង ១០ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលទិន្នន័យបន្ថែមពាក់ព័ន្ធទៅនឹងលទ្ធផលសិក្សារបស់សិស្សានុសិស្សក្នុងសាលារៀនគោលដៅ ដើម្បីវិភាគ និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយអំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ។