នាថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ កាំបូឌីយ៉ាណា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ កសហវ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបិទ កិច្ចសន្ទនាថ្នាក់ជាតិស្តីពី " ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ជាតិ" ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, តំណាងអង្គការមូនិធិអាស៊ី ,តំណាងស្ថានទូតប្រទេសណូវ៉េលហ្សឺឡង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែក និងពិភាក្សាអំពីវឌ្ឍនភាព បទពិសោធន៍ល្អៗ បញ្ហាប្រឈម និងអនុសាសន៍ពាក់ព័ន្ធនឹងតម្លាភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ក៏ដូចជាការរៀបចំផែនការសកម្មភាពរួមគ្នាក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមនានាដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនៅថ្នាក់ជាតិ។